
រដ្ឋបាលខេត្តកណ្តាល និងធនាគារជាតិនៃកម្ពុជា ជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រើការទូទាត់តាមប្រព័ន្ធបាគង និងKHQR ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការទូទាត់ទំនើបឌីជីថល
ឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិ និងការវិវត្តនៃប្រាក់រៀល ចាប់តាំងពីការបោះពុម្ព ការដាក់ឱ្យប្រើប្រាស់ រហូតដល់ការអភិវឌ្ឍរូបរាង ទំហំ និងបច្ចេកវិទ្យាសុវត្ថិភាពលើក្រដាសប្រាក់រៀលជាបន្តបន្ទាប់។ ឯកឧត្តម យឹម លាត បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីលក្ខណៈសម្គាល់រវាងក្រដាសប្រាក់រៀលពិត និងក្រដាសប្រាក់រៀលក្លែងក្លាយ ដោយត្រូវយកចិត្តទុកដាក់ ពិនិត្យលើសញ្ញាសម្គាល់សុវត្ថិភាពដែលមាននៅលើក្រដាសប្រាក់ ដូចជា៖ ក្រដាសសុវត្ថិភាព សញ្ញាសម្គាល់ផ្សេងៗ ខ្សែសុវត្ថិភាព និងលក្ខណៈពិសេសជាច្រើនទៀត ដែលអាចពិនិត្យតាមរយៈការមើល ការប៉ះ និងការផ្អៀងក្រដាសប្រាក់ ការយល់ដឹងនេះមានសារៈសំខាន់ក្នុងការជួយប្រជាពលរដ្ឋការពារខ្លួនពីការចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយ និងចូលរួមថែរក្សាទំនុកចិត្តលើរូបិយវត្ថុជាតិ។











